Sunday, August 14, 2016

មូលហេតុ​តម្លៃ Note 7 នៅ​ខ្មែរ​ធូរ​ថ្លៃ​ជាង​បរទេស

Galaxy Note 7 នៅ​លើ​ទីផ្សារ​កម្ពុជា​មាន​តម្លៃ​ប្រមាណ ៧៧០ ដុល្លារ ធូរ​ថ្លៃ​ជាង​បណ្ដា​ប្រទេស​ធំៗ​​រហូត​ដល់​ទៅ​ជាង ១០០ ដុល្លារ។ ជុំវិញ​តម្លៃ​នេះ អ្នក​ប្រើប្រាស់​ក្នុង​ស្រុក​មាន​ការ​ងឿង​ឆ្ងល់​ហេតុ​អី​បាន​ជា Note 7 នៅ​ខ្មែរ ​ធូរ​ថ្លៃ​ជាង​បណ្ដា​ប្រទេស​ដទៃ។

ប្រធាន​ទំនាក់​ទំនង​​របស់ Samsung ប្រចាំ​ប្រទេស​កម្ពុជា អះអាង​ថា តម្លៃ Note 7 នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ធូរ​ថ្លៃ​ជាង​បណ្ដា​ប្រទេស​ដទៃ​រហូត​ដល់​ជាង ១០០ ដុល្លារ គឺ​ដោយ​សារ Operation Cost ក្នុង​ស្រុក​​ទាប​ជា​ង​បរទេស។
លោក​ថា​ ជាក់ស្តែង តម្លៃ​ពលកម្ម ទំនិញ ​និង​ការ​បង់​ថ្លៃ​សេវា​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា ហាក់​នៅ​ទាប​ជាង​ប្រទេស​ផ្សេង រួម​ទាំង​ប្រទេស​ជិត​ខាង​កម្ពុជា​ផង​ដែរ។ ចំណែក​ឯ​បណ្ដា​ប្រទេស​អ្នក​មាន​នៅ​តំបន់​អឺរ៉ុប និង​អាស៊ី​មួយ​ចំនួន តម្លៃ​ពលកម្ម និង​ការ​បង់​ថ្លៃ​សេវា​គ្រប់​ប្រភេទ ខ្ពស់​ជាង​នៅ​កម្ពុជា ជា​ហេតុ​នាំ​ឲ្យ​តម្លៃ Note 7 ថ្លៃ​ទៅ​តាម​នោះ ដើម្បី​ឲ្យ​មាន​ភាព​សមាមាត្រ។
សំនួរ​ដែល Sabay បាន​សួរ “តើ​តម្លៃ​នេះ​ទាក់ទង​ទៅ​នឹង​ការ​ប្រើ​បន្ទះ​ឈីប​និង Specs លើស​គ្នា​តាម​បណ្ដា​ប្រទេស​ឬ​យ៉ាងណា? ខាង Samsung អះអាង​ថា​​ វា​មិន​មែន​ជា​ការ​ពិត​នោះ​ទេ ព្រោះ Note 7 (ស្តង់​ដារ​អន្តរជាតិ) ផលិត​ចេញ​មក​ពី​រោងចក្រ​តែ​មួយ មាន​គុណភាព​ដូច​គ្នា​ទាំងអស់ ទោះ​បី​ផលិត​នៅ​វៀតណាម​ឬ​រោង​ចក្រ Foxconn នៅ​ចិន​ក៏​ដោយ។
យ៉ាងណា​និយាយ​រឿង​ពន្ធ លោក សុខ ឡេង ពុំ​អាច​បញ្ជាក់​បាន​នោះ​ទេ ដោយ​វា​អាស្រ័យ​តាម​ប្រទស តែ​លោក​លើក​ឧទាហរណ៍​ជាក់ស្ដែង​នៅ​សិង្ហបុរី តម្លៃ​ពន្ធ​​ថ្លៃ ជា​មូលហេតុ​ធ្វើ​ឲ្យ Note 7 នៅ​ទីនោះ​ថ្លៃ​ជាង​នៅ​កម្ពុជា។
 Note 7 ដែល​ជា​ម៉ូដែល​រំលង​ពី​លេខ ៦ (Note 6) នេះ ភ្ជាប់​មក​ជាមួយ​មុខងារ​ស្កេន​ប្រស្រី​ភ្នែក បច្ចេកវិទ្យា​ការពារ​ជ្រាប​ទឹក IP68 និង​រន្ធ​ដោត​កាស​ថ្មី​ប្រភេទ USB Type C។ រាង​អេក្រង់​របស់ Note 7 កោង​ស្ទើរ​តែ​ដូចគ្នា​ទាំង​ស្រុង​និង S7 Edge។ កាល​បរិច្ឆេទ​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​គឺ​នៅ​ថ្ងៃ​ទី ២០ សីហា ក្នុង​តម្លៃ ៧៧០ ដុល្លារ៕
អត្ថបទ៖ ប៉ែត ផាន់និត

0 comments:

Post a Comment