ប្រព័ន្ធប្រតិបត្តិ Windows ដំបូងបង្អស់ ដែលប្រកាសដាក់ឱ្យប្រើប្រាស់ដោយក្រុមហ៊ុន Microsoft នាឆ្នាំ ១៩៨៥ បានវិវត្តផ្លាស់ប្ដូរយ៉ាងច្រើនជំនាន់ ដែលចំណាយពេលជាង ២៩ ឆ្នាំ។ ដំបូងឡើយពីបាតដៃទទេរបស់លោក Bill Gates បានបង្កើតឡើងនូវ Windows 1 រហូតមកដល់បច្ចុប្បន្នមានអ្នកគ្រប់គ្រងថ្មី លោក Satya Nadella ដែលមានសញ្ជាតិឥណ្ឌា។
១.Windows 1 ៖
១.Windows 1 ៖
ប្រព័ន្ធប្រតិបត្តិមួយនេះបង្កើតឡើងដោយលោក Bill Gates នាឆ្នាំ ១៩៧៥ ដែលវាផ្ដើមដំបូងជាប្រភេទ 16-bit និងអាចដំណើរការនូវកម្មវិធី MS-DOS បន្ថែមនឹងហ្គេមមួយ មានឈ្មោះថា Reversi ដែលតម្រូវឱ្យប្រើប្រាស់ Mouse មិនមែន Keyboard នោះឡើយ។
២.Windows 2 ៖
២ ឆ្នាំក្រោយមក Microsoft ក៏ប្រកាសចេញនូវ Windows 2 នាខែធ្នូ ឆ្នាំ ១៩៨៧។ ការអាប់ដេតធំបំផុត នៅជំនាន់នេះ ក្រុមហ៊ុនអាមេរិកខាងលើបានបញ្ចូលនូវមុខងារ Minimise (បិទថយកម្មវិធី) និង Maximise (ពង្រួមផ្ទៃកម្មវិធី) ដែលបច្ចុប្បន្នអ្នកនិយមឃើញនៅពេលដំណើរការកម្មវិធីណាមួយលើកុំព្យូទ័រ នោះវានឹងមានប៊ូតុងរាងសញ្ញា (-) និងរាងចតុកោណកែង ។
បន្ថែមពីនោះកម្មវិធី Microsoft Word និង Excel ក៏ចាប់ផ្ដើមមានវត្តមានជាសាធារណៈចាប់ពីជំនាន់ Windows 2 តរៀងមក។
៣.Windows 3 ៖
វាជាប្រព័ន្ធ Windows ជំនាន់ដំបូងបង្អស់ដែលតម្រូវឱ្យប្រើប្រាស់មាននូវអង្គផ្ទុក (Hard Drive) នាឆ្នាំ ១៩៩០។ ភាពជោគជ័យបានបន្តកើតមានឡើង ខណៈពេលនោះ Microsoft កំពុងមានគូប្រកួតប្រជែងជាមួយប្រព័ន្ធ Macintosh របស់ Apple។
សម្រាប់ប្រព័ន្ធមួយនេះ វាមានការគាំទ្រនូវកម្រិតពណ៌លើអេក្រង់ចំនួន ២៥៦ ពណ៌ដែលបម្លែងទៅជាសម័យទំនើបជាងមុនបន្តិច។ ចំណុចរសើបមួយទៀត ជំនាន់នោះ Microsoft ក៏បានប្រកាសទន្ទឹមគ្នានូវហ្គេមបៀរ Solitaire។
៤.Windows 3.1 ៖
សម្រាប់ជំនាន់នៃ Windows 3.1 នាឆ្នាំ ១៩៩២ នេះ វាមានលក្ខណៈលេចធ្លោជាងជំនាន់មុនច្រើន ដោយបានបញ្ចូលនូវកម្មវិធីសម្រាប់បង្កើតពុម្ពអក្សរ TrueType , ដាក់ឱ្យលេងនូវហ្គេមដោះមីន Minesweeper និងមានការបែងចែកនូវ CD ROM (វាអាចផ្ទុកបានដល់ 700MB) ។ ទៀតសោតចំពោះម៉ាស៊ីនដែលមាន RAM ទំហំ 1MB ទើបអាចគាំទ្រឱ្យដំណើរការនូវកម្មវិធី MS-DOS លើជំនាន់ Windows នោះបាន។
៥.Windows 95 ៖
វាបានប្រកាសនូវខែសីហា ឆ្នាំ ១៩៩៥ មានបញ្ចូលនូវប៊ូតុងថ្មី ២ រវាង Start Button និង Start Menu។ អំឡុងពេលនោះ Microsoft ក៏បង្វែរឱ្យប្រើប្រាស់នូវប្រព័ន្ធប្រភេទ 32-bit វិញ ខណៈកម្មវិធីបើកអ៊ីនធឺណិត Internet Exploerer ចាប់ផ្ដើមឱ្យមនុស្សទូទាំងពិភពលោកបានស្គាល់។ ក្រៅពីនោះមានកម្មវិធី Netscape Navigator និង NCSA Mosaic ជាដើម។
៦.Windows 98 ៖
ទន្ទឹមនឹងការវិវត្តកម្មវិធីបើកអ៊ីនធឺណិត IE ដល់ជំនាន់ទី ៤ ក្រុមហ៊ុន Microsoft ក៏ឆ្លៀតប្រកាសនូវប្រព័ន្ធ Windows 98 នាឆ្នាំ ១៩៩៨ ។ ពួកគេបានដាក់បន្ថែមនូវកម្មវិធី Outlook Express, Windows Address Book, Microsoft Chat និង NetShow Player ។ ការដាក់បង្ហាញដ៏ធំមួយគឺ Windows Driver Model ដោយតាំងពីពេលនោះ ប្រភេទកុំព្យូទ័រអាចធ្វើការចាប់ស្គាល់នូវឧបករណ៍តំណភ្ជាប់ពីខាងក្រៅតាមរយៈខ្សែ USB រួមមានប្រភេទ USB Hubs និង USB Mice។
៧.Windows ME ៖
នាខែកញ្ញាឆ្នាំ ២០០០ ក្រុមហ៊ុន Microsoft បានវិវត្តដល់ជំនាន់ Windows Millennium Edition ឫ Windows ME ដែលវាបានបញ្ចូលនូវកម្មវិធី IE ជំនាន់ 5.5, ក្បាលចាក់ Windows Media Player 7 និងកម្មវិធីកាត់តវីដេអូ Windows Movie Maker។
៨.Windows 2000 ៖
នេះជាបងប្អូនភ្លោះជាមួយ Windows ME ខណៈវាបង្ហាញនាឆ្នាំ ២០០០ ដូចគ្នា ប៉ុន្តែមានការអាប់ដែតពិសេសមួយ គាំទ្រនូវមុខងារ Hibernation ដែលវាស្រដៀងទៅនឹង Sleep Mode ដោយអនុញ្ញាតឱ្យយើងបិទម៉ាស៊ីនកុំព្យូទ័រប៉ុន្តែពេលបើកមកវិញ ឯកសារកម្មវិធីដំណើរការមុនបិទទាំងប៉ុន្មាន នៅដើរជាធម្មតា។
៩.Windows XP ៖
នាឆ្នាំ ២០០១ ក្រុមហ៊ុន Microsoft បានធ្វើឱ្យមនុស្សជាច្រើនស្គាល់ពីប្រព័ន្ធប្រតិបត្តិរបស់ខ្លួនគឺ Windows XP ។វាមានការរចនាផ្ទៃកម្មវិធីនិងប៊ូតុងមុខងារ Start មានលក្ខណៈពណ៌ស្រស់ខ្ចីជាងមុន និងបញ្ចូលមុខងារ ClearType ដែលបង្កើតឡើងក្នុងគោលដៅឱ្យអ្នកប្រើប្រាស់អាចអានអក្សរបង្ហាញលើអេក្រង់មានសភាពច្បាស់ល្អជាងមុននិងមានភាពងាយស្រួល។ ប្រព័ន្ធមួយនេះមានអ្នកប្រើយូរបំផុត រហូតដល់ជាង ១៣ ឆ្នាំខណៈ Microsoft ទើបតែបានផ្ដាច់ចោលនូវប្រព័ន្ធសុវត្ថិភាពពីវា នាខែសីហាឆ្នាំ ២០១៤ កន្លងទៅ។ បន្ថែមពីនោះមានកុំព្យូទ័រប្រមាណ ៤៣០ លានគ្រឿង ដែលគេបានដឹងថាកំពុងប្រើប្រាស់វា អំឡុងពេលក្រុមហ៊ុនផ្ដាច់១០ប្រព័ន្ធប្រតិបត្តិនោះចោល។
**១០.Windows Vista ៖ **
អ្នកខ្លះច្រើនច្រឡំថា Vista ចេញមុន XP តាមពិតទៅមិនមែនទេ អស់រយៈកាលជាង ៦ ឆ្នាំបន្ទាប់ពី XP ឯណោះ ទើប Microsoft ប្រកាសចេញនូវ Windows Vista នាខែមករាឆ្នាំ ២០០៧ ។ អ្នកលេងហ្គេមលើកុំព្យូទ័រចាប់ផ្ដើម ក្រោកឡើងក្រោយប្រព័ន្ធនេះ បានបញ្ចូលនូវកម្មវិធី Microsoft DiretX 10 ដែលជាបច្ចេកវិទ្យាជំរុញឱ្យដំណើរការហ្គេមធំៗបានរលូន។
បន្ថែមពីនោះមានការបញ្ចូលនូវកម្មវិធី Windows Media Player 11 និង IE7 គួបផ្សំកម្មវិធីប្រព័ន្ធសុវត្ថិភាព Windows Defender ។ វាក៏ជាប្រព័ន្ធ Windows ដំបូងដែលស្គាល់នូវក្បាលចាក់ DVD។
១១.Windows 7 ៖
មនុស្សជាច្រើនបានបង្វែរពីការចាប់អារម្មណ៍នៅលើ Windows XP និង Vista មកលើ Windows 7 នាចុងឆ្នាំ ២០០៩ នេះវិញ ដោយផ្ទៃកម្មវិធីមានការផ្លាស់ប្ដូរទាំងស្រុង ដែលកំពុងបង្ហាញឱ្យមនុស្សបានស្គាល់ពីសម័យបច្ចេកវិទ្យាស៊ីវិល័យ។
ល្បឿនដំណើរការមានភាពរលូនច្រើនជាងមុន ហើយគាំទ្រការប្រើប្រាស់កម្មវិធីបានច្រើនជាង Windows ជំនាន់ឆ្នាំ ២០០៧។ សង្កេតឃើញមានការចាប់អារម្មណ៍ខ្ពស់ក្នុងការប្រើប្រាស់នៅឧបទ្វីបអឺរ៉ុប ព្រោះវាមានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទប់ស្កាត់ពីការចម្លងចូលនូវមេរោគផ្សេងៗ។
១២.Windows 8 ៖
នាខែតុលាឆ្នាំ ២០១២ វត្តមាននៃប្រព័ន្ធ Windows 8 ក៏ប្រកាសបង្ហាញឡើង។ មនុស្សជាច្រើនបានភ្ញាក់ផ្អើល និងខ្លះទៀតភ័យព្រួយគិតថារាងពិបាកប្រើ ព្រោះផ្ទៃកម្មវិធីទាំងមូល មានការផ្លាស់ប្តូរសឹងទាំងស្រុង មិនថាតែប៊ូតុង Start។ វាចាប់ផ្ដើមគាំទ្រស្គាល់នូវរន្ធដោត USB 3.0 ដែលបន្ថែមល្បឿនចម្លងចេញចូលឯកសារផ្សេងៗ មានភាពរហ័សដាច់ឆ្ងាយធៀបនឹងជំនាន់ទៅ។
យ៉ាងណាមិញអំឡុងឆ្នាំនោះវត្តមានឧបករណ៍ថេបប្លែតជាច្រើន សោតយ៉ាងដូចជា iPad និងស្មាតហ្វូនមួយចំនួន កំពុងអុកឡុកខ្លាំងក្នុងវិស័យបច្ចេកវិទ្យា ដែលបណ្ដាលឱ្យមានការរាំងស្ទះបន្តិចបន្តួចនៃការលក់ចេញប្រភេទ PC ទៅកាន់អ្នកប្រើប្រាស់។
ម្ល៉ោះហើយដើម្បីសម្របបាននឹងសង្គមខាងក្រៅ Microsoft ក៏ឆ្លៀតប្រកាសចេញផ្សាយនូវប្រព័ន្ធ Windows RT ដែលអាចគាំទ្រនូវប្រព័ន្ធដំណើរការសម្រាប់ស្មាតហ្វូន ដែលដើរលើ CPU ប្រភេទ ARM រីឯ Windows 8 ចាប់ដាក់លើពពួក Microsoft Surface ដែលជាថេបប្លែត។
១៣.Windows 8.1 ៖
មួយឆ្នាំក្រោយមក Microsoft ក៏ប្រកាសចេញនូវប្រព័ន្ធ Windows 8.1 ដែលទាញយកប៊ូតុង Start មកដាក់នៅលើផ្ទៃ Desktop វិញ ហើយមានលក្ខណៈងាយស្រួលប្រើជាង Windows 8 ។ ទន្ទឹមជំនាន់នោះពពួកកុំព្យូទ័រយូរដៃ Touch Screen ក៏ប្រកាសចេញដំណាលគ្នា ដែលវាជំរុញឱ្យការប្រើប្រាស់ជាមួយ Windows 8.1 កាន់តែមានសភាពប្រសើរឡើង។
១៤.Windows 10 ៖
នេះជាជំនាន់ចុងក្រោយបង្អស់របស់ Microsoft ដែលដាក់បង្ហាញនាថ្ងៃទី ៣០ កញ្ញាឆ្នាំ ២០១៤។ មុខងារពិសេសមួយ អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លាស់ប្ដូរពីការប្រើប្រាស់បែប Keyboard ជាមួយ Mouse និងបែបជាថេបប្លែតវិញ ដោយកំពុងដំណើរការលើ Surface Pro 3 នាពេលបច្ចុប្បន្ន។
មិនថាតែកុំព្យូទ័រឡើយ សូម្បីពពួកស្មាតហ្វូននិងថេបប្លែតមួយចំនួនក៏និយមដំឡើងប្រើប្រាស់ Windows ជំនាន់ក្រោយនេះដែរ ហើយកម្មវិធីប្រើប្រាស់ទាំងឡាយ អាចទាញយកបានតាមរយៈ Windows Store លើឧបករណ៍ស្រាប់។
ក្រោយការរ៉ាយរ៉ាប់ខាងលើនេះរួចមក Sabay ជឿថាវាអាចជាចំណេះដឹងថ្មីមួយ ចែកជូនទៅកាន់អ្នកអានទាំងអស់គ្នា ព្រោះមនុស្សម្នាក់ៗរមែងគួរស្វែងយល់ឱ្យបានច្បាស់ ពីប្រវត្តិដើមនូវអ្វីដែលយើងកំពុងមានសព្វថ្ងៃ ក្នុងគោលដៅប្រើប្រាស់វាឱ្យមានលក្ខណៈទូលំទូលាយនិងមានភាពប្រសើរឡើង៕
ប្រភព៖ theguardian ប្រែសម្រួល ៖ កៅ រក្សា
0 comments:
Post a Comment