Friday, June 17, 2016

ឡូយមែន! ឥឡូវនេះមាន ទូរស័ព្ទស្មាតហ្វូន អាចបត់បែនបាន

បរទេស៖ កាលពីពេលថ្មីៗនេះ ទូរស័ព្ទដៃស្មាតហ្វូន ដ៏អស្ចារ្យមួយប្រភេទទៀតហើយ ត្រូវបានដាក់បង្ហាញជាសាធារណៈ ដែលវាមានលក្ខណៈពិសេសអាចបត់បែនបាន រហូតដល់ថ្នាក់ អាចយកទៅពាក់ជាប់នៅនឹងកដៃបានទៀតផង ហើយផលិតផលនេះ ទៀតសោត កំពុងធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្រភេទទូរស័ព្ទដៃស្មាតហ្វូន ដ៏ប្លែកអស្ចារ្យ និងអាចបត់បែនបាននេះ ត្រូវបានយកមកដាក់បង្ហាញ ជាសាធារណៈនៅក្នុង ពិធីសន្និសីទបច្ចេកវិទ្យាពិភពលោក របស់ក្រុមហ៊ុន Lenovo កាលពីថ្ងៃព្រហស្បត៍សប្តាហ៍មុននេះ។
នៅក្នុងនោះដែរ ក៏មានតារាប្រចាំទំព័រយូធូប Meghan McCarthy បង្ហាញខ្លួននិងព្រមទាំង បានសាកល្បង ទូរស័ព្ទដៃស្មាតហ្វូនដែលអាចបត់បែនបាន នៅចំពោះមុខមនុស្សយ៉ាងច្រើន ជាហេតុនាំឲ្យមានការចាប់អារម្មណ៍រឹតតែខ្លាំង។
ថ្វីបើទូរស័ព្ទដៃស្មាតហ្វូន មួយប្រភេទនេះ នៅមិនទាន់ត្រូវបានបង្ហាញ ឈ្មោះយ៉ាងណាក្តី តែលក្ខណៈពិសេសរបស់វា គឺត្រូវបានគេដឹងច្រើនទៅហើយ ដោយសារតែវាមិនត្រឹមតែ មានអេក្រង់ដែលអាចបត់បានប៉ុណ្ណោះទេ សូម្បីគ្រឿង Hardware ក៏អាចបត់បានថែមទៀត ពិតជាអស្ចារ្យមែន។
លោក Peter Hortensius នាយករងជាន់ខ្ពស់នៃក្រុមហ៊ុន Lenovo បានប្រាប់ទៅដល់ មហាជនថា “McCarthy គួរតែប្រុងប្រយ័ត្នជាមួយ ឧបករណ៍នេះបន្តិច ព្រោះថាវាមានតម្លៃថ្លៃជាងទូរស័ព្ទដៃ ឬក៏ឧបករណ៍ Tablet ជាច្រើន នាពេលបច្ចុប្បន្ននេះទៅទៀត”។
គូសបញ្ជាក់ផងដែរថា ទូរស័ព្ទដៃស្មាតហ្វូន ដែលអាចបត់បាន និងយកមកពាក់ ធ្វើដូចជានាឡិកាដៃ មួយប្រភេទនេះ នឹងអាចដាក់លក់នៅលើទីផ្សារ នាពេលខាងមុខ តែចំពោះតម្លៃគឺមិនទាន់ ត្រូវបានបង្ហើបឲ្យដឹង នៅឡើយនោះទេ៕ 
រូបភាពនៃទូរស័ព្ទស្មាតហ្វូន ដែលអាចបត់បែន និងយកមកពាក់ នៅលើកដៃរបស់អ្នកបាន
ប្រភព ៖ Metro
កំណត់ហេតុខ្មែរឡូត៖
ទាក់ទងនឹងបច្ចេកវិទ្យានេះដែរ តើអ្នកមានអារម្មណ៍ធុញទ្រាន់ណាស់មែនទេ នៅពេលប្រើប្រាស់ទូរស័ព្ទដៃនៅសាធារណៈ ស្រាប់តែមាន មនុស្សចម្លែកលួចសម្លឹងមើលមក កញ្ចក់ទូរស័ព្ទអ្នកនោះ? តែនាពេលនេះ លែងមានការភ័យព្រួយទៀតហើយ ដោយសារតែលោក Celal Göger បាននាំយកវ៉ែនតាដ៏ពិសេសមួយ ដែលអ្នកមិនចាំបាច់ព្រួយបារម្មណ៍ ថានឹងមាននរណាម្នាក់ សម្លឹងមើលទៀតនោះទេ។
នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Celal Göger អាយុ ៤២ឆ្នាំ មានមុខរបរជាជាងជួសជុលទូរស័ព្ទដៃ នៅក្នុងទីក្រុងតូច Bismil នៃតួកគី ក្នុងខេត្ដ Diyarbakır បានមានគំនិតច្នៃប្រឌិតវ៉ែនតាថ្មី ដោយឲ្យវាផ្សារភ្ជាប់នឹង កញ្ចក់ទូរស័ព្ទដៃរបស់អ្នកពាក់នោះ។ លោក Celal Göger បាននិយាយឲ្យដឹងថា លោកចាប់ផ្ដើមមានគំនិតនេះ គឺ៤ខែមុន នៅពេលដែលលោកកំពុងតែឆែកមើលអ៊ីម៉ែល នៅក្នុងរថយន្ដក្រុងដែលរត់លើខ្សែដែក ហើយនាពេលនោះ គាត់ចាប់អារម្មណ៍ថា មានមនុស្សកំពុងតែសម្លឹងមើលកញ្ចក់ទូរស័ព្ទគាត់។ បែបនេះហើយ ទើបគាត់ចាប់ផ្ដើមរកវិធីដោះស្រាយ នៅពេលដែលត្រលប់មក ហាងជួសជុលទូរស័ព្ទវិញ។
ទន្ទឹមនេះនឹងនេះ លោក Celal Göger ដែលជាជាងជួសជុលទូរស័ព្ទតាំងពីឆ្នាំ ១៩៩៩ បានចាប់ផ្ដើមធ្វើជាមួយនឹងប្រព័ន្ធ ដែលឲ្យកញ្ចក់ទូរស័ព្ទដៃ, ថ្លាប្លេត ឬកុំព្យូទ័រផ្សេងៗទាំងអស់ គឺមានពណ៌សទាំងស្រុង សម្រាប់មនុស្សគ្រប់គ្នានៅពេលដែលសម្លឹងមើល ខណៈដែលមានតែម្ចាស់ទូរស័ព្ទ ដែលជាអ្នកពាក់វ៉ែនតាពិសេសប៉ុណ្ណោះ ដែលអាចមើលឃើញដំណើរការក្នុងទូរស័ព្ទដៃ ដូចជាពេលធម្មតា។
យ៉ាងណាមិញ ព័ត៌មានលំអិតទាក់ទងនឹងការច្នៃប្រឌិតថ្មីរបស់គាត់ គឺមិនបានរាយការណ៍ច្បាស់លាស់នោះទេ ខណៈដែលរឿងមួយនេះ នៅមិនទាន់ល្បីសុះសាយដល់ប៉ែកខាងលិចនោះដែរ ប៉ុន្ដែនេះបើតាមគេហទំព័រតួកគី បានឲ្យដឹងថា លោក Celal Göger បានដាក់បញ្ចូលកម្មវិធីក្នុងដុំឈីប (chip) ឲ្យដំណើរការពណ៌ស និងតម្លើងនៅក្នុងទូរស័ព្ទដៃ។ នៅក្នុងនោះ គាត់បានបញ្ចូលដុំឈីប (chip) ផ្សេងទៀត ដោយដាក់ចូលទៅក្នុងវ៉ែនតា និងឲ្យភ្ជាប់ទៅឈីប (chip) ទូរស័ព្ទដៃ តាមរយៈប្លូធូ។
លើសពីនេះបានឲ្យដឹងពីការច្នៃប្រឌិតថ្មីរបស់លោក Celal Göger ទៀតថា គឺវាតម្លៃតែ ១០ដុល្លារប៉ុណ្ណោះ ទាំងប្រព័ន្ធប្លូធូ ដែលអាចផ្លាស់ប្ដូរម៉ាស៊ីនឲ្យបិទ និងបើក។ នៅក្នុងនេះបានឲ្យដឹងទៀតថា ដំណើរការការពារបែបលក្ខណៈឯកជននេះ គឺអាចដំណើរការគ្រប់ប្រព័ន្ធអេឡិចត្រូនិច សូម្បីតែទូរទស្សន៍ ហើយគាត់បានសាកល្បងការច្នៃប្រឌិតថ្មីនេះ ដំបូងគេនៅហាងកាហ្វេ ដែលមានមនុស្សជាច្រើនសម្លឹងមើលគាត់ និងសួរគាត់ថា តើគាត់មិនអីទេ? ខណៈដែលគាត់កំពុងតែសម្លឹងមើល កញ្ចក់ផ្ទាំងពណ៌ស។ យ៉ាងណាមិញ រឿងរ៉ាវទាំងមូល បានផ្លាស់ប្ដូរ បន្ទាប់ពីគាត់ឲ្យអ្នកទាំងនោះ ពាក់វ៉ែនតាពិសេសរបស់គាត់។
នាពេលបច្ចុប្បន្ននេះ គាត់កំពុងតែសុំច្បាប់ធ្វើប៉ាតង់ទាក់ទងនឹង ការច្នៃប្រឌិតថ្មីរបស់គាត់ បន្ទាប់ពីគាត់ មានគម្រោងនឹងធ្វើឲ្យមានជម្រើសច្រើនជាងនេះ ក្នុងការផលិតវាឡើង៕
ខ្មែរឡូត

0 comments:

Post a Comment