Thursday, July 21, 2016

តាម​ពិត​ Apple ជា​អ្នក​ជួយ​ឲ្យ​​ FBI ​ចាប់​ខ្លួន​​ម្ចាស់​វិបសាយ​ Kickass បាន​សម្រេច

សមត្ថកិច្ច​អាមេរិក​បាន​ចាប់​ខ្លួន​​បុគ្គល​​ឈ្មោះ​ Artem Vaulin ដែល​​សន្និដ្ឋាន​ថា​ជា​ម្ចាស់​វិបសាយ​ torrent ដ៏​ធំ​មួយ​ ​ក្រោយ​ពី​ Apple បាន​ចែក​រំលែក​ព័ត៌មាន​​លម្អិត​ទាក់​ទង​នឹង​ការ​ទិញ​ទំនិញ​លើ​ iTunes ដែល​នាំ​ឲ្យ​គេ​​រក​​ឃើញ​ទីតាំង​របស់​ជន​សង្ស័យ​នោះ។

ក្រសួង​យុត្តិធម៌​អាមេរិក​បាន​លើក​ឡើង​ថា ​​បុរស​​វ័យ​ ៣០ ឆ្នាំ​ នេះ​​ជាប់​ទោស​ពី​​បទ​លួច​បំពាន​សិទ្ធ​ចម្លង និង​លាង​លុយ​កខ្វក់។ ភស្តុតាង​គន្លឹះ​ដែល​​ដឹក​នាំ​សមត្ថកិច្ច​ទៅ​​កំណត់​ទីតាំង​របស់​ Artem Vaulin គឺ​នៅ​ពេល​ដែល Apple បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ផ្ទាល់​ខ្លួន​របស់​ Artem ទៅ​ឲ្យ​សមត្ថកិច្ច​ បន្ទាប់​ពី​អ្នក​ស៊ើបអង្កេត​ចាប់​បាន​លេខ​ IP Address ដែល​ប្រើ​សម្រាប់​ Log ចូល​ទំព័រ​​ Facebook KAT ដោយ​វា​ពាក់​ព័ន្ធ​នឹង​ការ​ទិញ​ទំនិញ​លើ​ iTunes។
 បណ្ដឹង​ព្រហ្មទណ្ឌ​នៃ​សំណុំ​រឿង​នេះ​បាន​សរសេរ​ថា​៖ “កំណត់​ត្រា​ដែល​ផ្ដល់​ដោយ​ Apple បង្ហាញ​ថា ​​គណនី​ឈ្មោះ​ tirm@me.com បាន​ទិញ​ទំនិញ​លើ​ iTunes ដោយ​ប្រើ​ IP Address 109.86.226.203 ​នៅ​ថ្ងៃ​ទី​ ៣១ កក្កដា​ ២០១៥។ IP Address ដដែល​នេះ​ត្រូវ​បាន​ប្រើ​​ក្នុង​ថ្ងៃ​តែ​មួយ​ដើម្បី​ Log ចូល​ទៅ​ទំព័រ​ Facebook ឈ្មោះ​ KAT “។
បច្ចុប្បន្ន​នេះ​វិបសាយ​ KAT បាន​ផ្អាក​ដំណើរ​​ការ​ហើយ​ ហើយ​គេ​ជឿ​ថា​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​វិបសាយ​ចម្លង​តាម KAT នឹង​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​ឡើង​នៅ​លើ​អ៊ីនធឺណិត។ ហេតុ​នេះ​សូម​ណែនាំ​​ឲ្យ​នៅ​ពី​ឆ្ងាយ​វិបសាយ​ចម្លង​ទាំង​អស់​នោះ​ ព្រោះ​ថា​វិបសាយ​ទាំង​នោះ​អាច​មាន​ផ្ទុក​មេរោគ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កុំព្យូទ័រ៕
ចុច​អាន៖ គេហទំព័រ​ ​Kickass​ ​ផ្អាកដំណើរការ​ ​ហើយ​ម្ចាស់​ត្រូវ​​បាន​ចាប់​ខ្លួន​
ប្រែ​សម្រួល៖​ ហៃ​ សុខ​ហេង
ប្រភព៖ MacRumors​​​​​​​​​​​​​

0 comments:

Post a Comment