Thursday, September 22, 2016

យានអវកាសចិន ពិតជាបាត់បង់ការគ្រប់គ្រង នឹងធ្លាក់មកផែនដីវិញ នៅឆ្នាំ២០១៧ ប្រាកដមែន

ចិន៖ កាលពីពេលថ្មីៗនេះប្រទេសចិន បានបញ្ជាក់ពីពាក្យចចាមអារ៉ាមដែលថា ស្ថានីយ៍អវកាស ឈ្មោះថា Tiangong- 1 របស់ខ្លួន បានបាត់បង់ការគ្រប់គ្រង ហើយនឹងធ្លាក់មកកាន់ផែនដីវិញក្នុងឆ្នាំ២០១៧ខាងមុខនេះ ថាជាការពិតមែន។
មន្រ្តីជាន់ខ្ពស់មួយរូប រួមជាមួយនឹងកម្មវិធីអវកាសរបស់ប្រទេសចិន បានធ្វើការបញ្ជាក់​ពីព័ត៌មានខាងលើ នៅក្នុងសន្និសីទកាសែតមួយ  ប៉ុន្តែមិនមាននរណាម្នាក់ដឹងថា វានឹងធ្លាក់នៅចំទីតាំង ឬទីកន្លែងណា នៅឡើយនោះទេ។
ស្ថានីយ៍អវកាស Tiangong- 1 ត្រូវបានបង្ហោះទៅកាន់លំហអាកាស កាលពីឆ្នាំ២០១១ ហើយត្រូវបានទីភ្នាក់ងារអវកាសចិន រំពឹងថា វានឹងត្រូវធ្លាក់ចូលក្នុងមហាសមុទ្រ នៅចុងបញ្ចប់នៃបេសកកម្មរបស់វា ឬក៏ត្រូវឆេះនៅក្នុងលំហ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ មន្រ្តីចិន បានធ្វើការបញ្ជាក់ថា វានឹងធ្វើដំណើរឆ្ពោះមកកាន់ផែនដីវិញ នៅពាក់កណ្តាល​ឆ្នាំ២០១៧ បន្ទាប់ពីបាត់បង់ការគ្រប់គ្រងនៅស្ថានីយ៍អវកាស  ប៉ុន្តែគ្មាននរណាម្នាក់ដឹងថា វានឹងធ្លាក់នៅកន្លែងណានោះទេ។
នាយករងនៃការិយាល័យវិស្វកម្មអវកាស លោក Wu Ping បាននិយាយថា “ដោយផ្អែកលើការគណនា និងការវិភាគរបស់យើង ផ្នែកជាច្រើននៃស្ថានីយ៍អវកាស  នឹងរងការឆេះក្នុងអំឡុងពេលធ្លាក់ចុះមក”។
ទីភ្នាក់ងារអវកាសចិន នឹងបន្តតាមដានយាន Tiangong-1 នេះ និងប្រកាសអាសន្នភ្លាមៗ ប្រសិនបើមានការប៉ះទង្គិចទ្រង់ទ្រាយធំជាក់លាក់ណាមួយកើតឡើង។
លោក Thomas Dorman ជាអ្នកតាមដានផ្កាយរណបមួយរូប បាននិយាយថា “ប្រសិន​បើខ្ញុំនិយាយត្រូវ ប្រទេសចិន នឹងរង់ចាំរហូតដល់នាទីចុងក្រោយទើបប្រាប់ឲ្យពិភពលោកដឹងថា ខ្លួនមានបញ្ហាជាមួយនឹងស្ថានីយ៍អវកាសរបស់ខ្លួន”។ លោកក៏បានសម្តែង​ការព្រួយបារម្ភថា វាអាចជាថ្ងៃដ៏អាក្រក់មួយ ប្រសិនបើបំណែកនៃស្ថានីយអវកាស ដែលមានទម្ងន់ ៨,៥ តោននេះធ្លាក់ចំទីប្រជុំជន តែគេរំពឹងថា វាអាចនឹងធ្លាក់ទៅក្នុងមហាសមុទ្រ ឬនៅតំបន់ដែលមិនមែនជាទីប្រជុំជន។
គួរបញ្ជាក់ថា ព័ត៌មាននៃការធ្លាក់យានអវកាសរបស់ចិននេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់​ពីប្រទេសចិន បានបាញ់បង្ហោះស្ថានីយ៍អវកាសទី២របស់ខ្លួន ឈ្មោះ Tiangong- 2 កាល​ពីថ្ងៃទី១៥ ខែកញ្ញាកន្លងទៅ នៅស្ថានីយ៍បង្ហោះផ្កាយរណប Jiuquan ក្បែរ​វាល​ខ្សាច់ Gobi ភាគខាងជើងប្រទេសចិន៕
ប្រភព ៖ Dailymail
ខ្មែរឡូត

0 comments:

Post a Comment