Saturday, December 24, 2016

5G នឹង​មាន​វត្តមាន​ឆ្នាំ​ ២០២០ ដឹង​មាន​ល្បឿន​លឿន​ប៉ុណ្ណា​អត់?

បច្ចុប្បន្ន​ប្រព័ន្ធ​អ៊ីនធឺណិត​ 4G ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​លឿន​ផុត​លេខ​មួយ ប៉ុន្តែ​ល្បឿន​ប៉ុណ្ណេះ​នៅ​មិន​អាច​បំពេញ​តម្រូវ​ការ​លើ​ការ​ប្រើ​ប្រាស់​នា ​ថ្ងៃ​អនាគត​បាន​នៅ​ឡើយ​ទេ។ ហេតុនេះ​ទើប​ប្រព័ន្ធ​អ៊ីនធឺណិត​ជំនាន់​ថ្មី​ 5G កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ផលិត ដោយ​វា​នឹង​មាន​ល្បឿន​លឿន​ជាង​ 4G រាប់​សិប​ដង។
សម្រាប់​អ៊ីនធឺណិត​ 5G រំពឹងដាក់​ប្រើ​ប្រាស់​សាក​ល្បង​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​រងា​នៅ​ ប្រទេស​កូរ៉េខាងត្បូង​ ដែល​ធ្វើ​ឡើង​ឆ្នាំ​ ២០១៨។ ចំណែក​ឯ​ការ​ប្រើ​ប្រាស់​ជា​លក្ខណៈ​ផ្លូវការ​ អាច​​ចាប់​ផ្ដើម​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្ដៅ ដែល​ធ្វើ​ឡើង​នៅ​ឆ្នាំ​ ២០២០ នៅ​ប្រទេស​ជប៉ុន។ ស្រប​ពេល​គ្នា​នេះ​ដែរ​នៅ​ឆ្នាំ​ ២០២០ ប្រព័ន្ធ​ 5G ក៏​នឹង​ចាប់​ផ្ដើម​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​បណ្ដើរ​នៅ​ប្រទេស​ កូរ៉េខាងត្បូង​ និង ប្រទេស​ចិន​ផង​ដែរ។
ដោយ​ឡែក​សម្រាប់​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំៗ​ចំនួន​ ៤ របស់​អាមេរិក​រួម​មាន​ Verizon, AT&T, T-Mobile និង Sprint បាន​ចាប់​ផ្ដើម​ធ្វើ​តេស្ត​ និង សិក្សា​ពី​សមត្ថភាព​របស់​ប្រព័ន្ធ​អ៊ីនធឺណិត​ជំនាន់​ទី​ ៥ នេះ​​ ប៉ុន្តែ​នឹង​មិន​អាច​សម្រេច​ដាក់​ឲ្យ​ប្រើ​ប្រាស់​បាន​មុន​ឆ្នាំ​ ២០២០ ឡើយ។
និយាយ​ពី​ល្បឿន​របស់​​អ៊ីនធឺណិត​ 5G ឯណោះ​វិញ​គឺ​មាន​ភាព​ខុសគ្នា​បន្តិច​បន្តួច​សម្រាប់​ការ​ប្រើ​ប្រាស់​នីមួយៗ ប៉ុន្តែ​រំពឹង​ថា​នឹង​អាច​មាន​ល្បឿន​ចន្លោះ​ពី 10 Mbps ដល់​ 10 Gbps។ ល្បឿន​ប៉ុណ្ណេះ​នឹង​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​លើ​ទូរសព្ទ​ដូច​ជា​ ទស្សនា​វីដេអូ​កម្រិត​ 4K, 8K ឬ វីដេអូ​ ៣៦០ ដឺក្រេ​ ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន៕​​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

0 comments:

Post a Comment